សូមស្វាគមន៍ខ្លាំងណាស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​ លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន ចូលមកអាននូវសាររបស់ខ្ញុំក្នុងពេលនេះ សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blog today. Thank you..!

Thursday, October 10, 2013

បទ​ចម្រៀង​ «ឧត្តម​ដួង​ចិត្ត​» លោក​ស៊ីន​ ស៊ី​សាមុត​ តែង​និង​ច្រៀង​បំពេ​ភរិយា​ពេល​សម្រាល​បុត្រ​ច្បង​

ស្ត្រី​ដែល​ត្រៀម​សម្រាល​កូន​លើក​ដំបូង​តែង​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ជា​ពិសេ​ស​បារម្ភ​ បើ​ពេល​សម្រាល​នោះ​គ្មាន​ស្វា​មី​​នៅ​ក្បែរ​ ។ មិន​ខុស​ពី​នារី​ទូទៅ​ទេ​ អ្នក​ស្រី​​ខាវ​ ថង​ញ៉ុ​ត​ ភរិយា​របស់​អធិ​រាជ​សំឡេង​មាស​ស៊ីន​ ស៊ី​សាមុត​ មាន​សភាព​បែ​ប​នោះ​ដែរ​ មិន​តែ​ប៉ុណ្ណោះ​អ្នក​ស្រី​ខ្លាច​ពេល​សម្រាល​កូន​ហើយ​ត្រូវ​ដេក​អាំង​ភ្លើង​ ក្តៅ​ខ្នង​ ។


ជំនួស​រូប​លោក​ដែល​នៅ​ឆ្ងាយ​ពី​ភរិយា​ពេល​សម្រាល​កូន​ដំបូង​ លោក​​ស៊ីន​ ស៊ី​សាមុត តែង​និង​ច្រៀង​បទ​ «ឧត្តម​ដួង​ចិត្ត​» សម្រាប់​បំពេ​ភរិយា​បំបាត់​ការ​បារម្ភ​ និង​ឱ្យ​ល្ហែ​ល្ហើយ​ចិត្ត​ ។ កំណើត​កូន​ដំបូង​ឈ្មោះ​ស៊ីន​ យុទ្ធនា​ របស់​លោក​ស៊ីន​ ស៊ី​សាមុត​ ក៏​ជា​កំណើត​បទ​ «ឧត្តម​ដួង​ចិត្ត​» ដ៏​ពេញ​និយម​ដែរ​ ។

យោង​តាម​ឯក​សារ​ «ចម្រៀង​ចង​ក្រង​ឡើង​វិញ​» ភាគ​១​ដែល​រៀប​រៀង​ដោយ​សមា​គម​ស៊ីន​ ស៊ី​សាមុត​ បញ្ជាក់​ថា​ បទ​ «ឧត្តម​ដួង​ចិត្ត​» គឺ​​ជា​បទ​ដែល​លោក​​ស៊ីន​ ស៊ី​សាមុត​ ​តែង​ឱ្យ​ភរិយា​លោក​គឺ​លោក​ស្រី​​ខាវ​ ថង​ញ៉ុត​ នា​ពេល​កំណើត​កូន​ស្រី​ដំបូង​របស់​​លោក​ឈ្មោះ​​ស៊ីន​ យុទ្ធ​នា​ នា​ឆ្នាំ​១៩៥៦​ ។ មាន​ឯក​សារ​ជា​ច្រើន​ បាន​ភ័ន្ត​ច្រឡំ​ចំពោះ​បទ​ចម្រៀង​នេះ​ដោយ​បាន​ភ្ជាប់​អត្ថ​ន័យ​បទ​នេះ​ថា​ ជា​បទ​ដែល​លោក​​ស៊ីន​ ស៊ី​សាមុត​ ​តែង​ឱ្យ​ភរិយា​ពេល​ព្រាត់​គ្នា​ក្រោយ​ព្យុះ​ស្នេហា​ត្រី​កោណ​​ ។ តែ​ពុំ​មែន​ដូច្នោះ​ឡើយ​ តាម​ការ​បញ្ជាក់​ពី​លោក​ស្រី​​ខាវ​ ថង​ញ៉ុត​ ​ឱ្យ​ដឹង​ថា​ នៅ​ពេល​ដែល​លោក​ស្រី​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​ គាត់​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ ដោយ​ម្យ៉ាង​ត្រូវ​ទៅ​សម្រាល​កូន​នៅ​ស្រុក​ឆ្ងាយ​ពី​ប្តី​​ (ព្រោះ​ពេល​នោះ​ពួក​គាត់​បាន​មក​នៅ​ជុំ​គ្នា​នៅ​ភ្នំ​ពេញ​ ហើយ​គាត់​ត្រូវ​ទៅ​សម្រាល​កូន​នៅ​ស្ទឹង​ត្រែង​វិញ​) ។ ​ម្យ៉ាង​ទៀត​ ខ្លាច​ពេល​សម្រាល​កូន​ហើយ​ត្រូវ​ដេក​អាំង​ភ្លើង​ក្តៅ​ខ្នង​ ។

ឮ​ការ​បារម្ភ​ពី​ភរិយា​បែប​នេះ​ លោក​​ស៊ីន​ ស៊ី​សាមុត​ បាន​សន្យា​ថា​ «កុំ​ព្រួយ​អី​ ចាំ​គាត់​តែង​ចម្រៀង​មួយ​បទ​ឱ្យ​ស្តាប់​ពេល​អាំង​ភ្លើង​កុំ​ឱ្យ​ក្តៅ​ខ្នង» ។ ដូច​ការ​សន្យា​មែន​ នា​ពេល​ឱ្យ​កំណើត​កូន​ដំបូង​នោះ​ ចម្រៀង​ឧត្តម​ដួង​ចិត្ត​ក៏​បាន​ឮ​តាម​វិទ្យុ​ជាតិ​មែន​ ។ បទ​នេះ​បាន​ទទួល​ការ​​ពេញ​និយម​ជា​ខ្លាំង​ពី​មិត្ត​អ្នក​ស្តាប់​គ្រប់​មជ្ឈ​ ដ្ឋាន​ ។ មិន​ត្រឹម​តែ​ក្នុង​ប្រទេស​ខ្មែរ​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​នៅ​ប្រទេស​ថៃ​ឯ​ណោះ​ក៏​ល្បី​ល្បាញ​ខ្លាំង​ណាស់​ដែរ​ ព្រោះ​ការ​ណ៍​ពិត​បទ​នេះ​យក​តាម​លំ​នាំ​បទ​អ្នក​ចម្រៀង​ សម​ យ៉ុត​ ជា​ជន​ជាតិ​ថៃ​ ។

បទ​ចម្រៀង​ «ឧត្តម​ដួង​ចិត្ត​» រាយ​ទំនុក​ថា​:

១-ឧត្តម​ដួង​ចិត្ត​ជីវិត​បង​ ឱ!ស្រស់​នួន​ល្អង​​ក្នុង​ដួង​ចិត្ត​បង​សៅ​ហ្មង​រាល់​ថ្ងៃ​ តាំង​ពី​ស្រី​ពៅ​ចាក​ទៅ​ប្រុស​នៅ​អាល័យ​ ទន្ទឹង​រាល់​ពេល​យប់​ថ្ងៃ​​ថា​ស្រី​ថ្លៃ​មក​រក​បង​ ។

២-ពេល​គេង​រៀម​គេង​ឱប​ក្តី​ព្រួយ​ រូប​មួយ​ខ្លួន​មួយ​ព្រួយ​អើយ​សែន​ ព្រួយ​ៗ​ពេក​កន្លង​ ចរចា​ម្នាក់​ឯង​គ្មាន​ឮ​សំឡេង​ឆ្លើយ​ឆ្លង​ ដួង​ចិត្ត​អាណិត​បង​ផង​​ ព្រោះ​តែ​បង​​នៅ​ស្នេហា​ ។
បន្ទរ-វិល​វិញ​ណា៎​ព្រលឹង​អើយ​ ប្រុស​យំ​ទុក្ខ​ធំ​ឥត​ស្បើយ​ ខ្នល់​ខ្នើយ​កើយ​ពី​រ​កាយា​ ភួយ​យំ​រក​នាង​ចង្កៀង​សួរ​រក​ជីវា៉​ ម្ចាស់​ខ្ញុំ​លោក​ទៅ​ឋាន​ណា​ ខ្ញុំ​សោកា​ខ្លោច​ផ្សាអាល័យ​ ។

៣-គួរ​ណាស់​វិល​វិញ​កុំ​កែ​ប្រែ​ វិល​មក​រួម​ស្នេហ៍​ ដៃ​បង​ទាំង​ទ្វេ​ទទួល​ស្រី​ថ្លៃ​ វិល​មក​ព្រលឹង​​បង​គេ​ង​រំពឹង​រាល់​ថ្ងៃ​ វិល​មក​ចុះ​ណា៎​ចរណៃ​ ​បើ​ស្រី​ថ្លៃ​មេ​ត្តា​បង។

តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​លេខ​១៩២៦​ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៧​ សីហា​ ឆ្នាំ​១៩៩៩​ បាន​ឱ្យ​ដឹង​ថា​ តាម​រយៈ​បទ​ឧត្តម​ដួង​ចិត្ត​ លោក​​ស៊ីន​ ស៊ី​សា​មុត​ ​ទទួល​បាន​ការ​កោត​សរ​សើរ​ពី​ព្រះ​ចៅ​រាជា​ណា​ចក្រ​ថៃ​​ដោយ​សារ​លោក​​​ច្រៀង ​បទ​នេះ​បាន​ពីរោះ​ជាង​ម្ចាស់​ដើម​ទៅ​ទៀត​ ។

ដូច្នេះ​ហើយ​ទើប​នៅ​ថ្ងៃ​ទី​១១​​ កញ្ញា​ ១៩៥៦​ ក្នុង​ពិធី​មហោ​ស្រព​នៅ​ទី​ក្រុង​បាង​កក​ សិល្ប​ករ​ថៃ​ទូ​ទាំង​ប្រទេស​បាន​ចូល​រួម​ក្រោម​ព្រះ​រាជា​ធ​ិប​តី​​ព្រះ​ចៅ​ ក្រុង​សៀម​ ។ មុន​ចាប់​ផ្តើម​បើក​មហោ​ស្រព​គេ​បាន​ចាក់​បទ​ឧត្តម​ដួង​ចិត្ត​ ដែល​ច្រៀង​ដោយ​លោក​​ស៊ីន​ ស៊ីសា​មុត​ ទុក​ជា​និមិត្ត​រូប​នៃ​សំឡេង​មាស​ជូន​ដល់​សិល្ប​ករ​ថៃ​ស្តាប់។ លុះ​ចប់​មហោ​ស្រព​ ព្រះ​ចៅ​ក្រុង​សៀម​បាន​ធ្វើ​ចុត​ហ្មាយ​មួយ​ច្បាប់​ជូន​ដល់​លោក​​ស៊ីន​ ស៊ី​សា​មុត​ ក្នុង​ន័យ​សរ​សើរ​បំផុត​ ព្រម​ទាំង​ភ្ជាប់​នូវ​វត្ថុ​អនុ​ស្សាវ​រីយ៍​ជា​សញ្ញា​តូ​រ្យ​តន្ត្រី​ធ្វើ​ អំពី​មាស​បារាំង​មួយ​គ្រឿង​ដ៏​វិសេស​វិសាល​ ។

បើ​គិត​ទៅ​មក​ទល់​នឹង​ពេល​នេះ​បទ​ ឧត្តម​ដួង​ចិត្ត​ ​មាន​អាយុ​ប្រមាណ​​ជាង​ហា​សិប​ឆ្នាំ​មក​ ហើយ​​ៗ​នៅ​ប្រទេស​ថៃ​បទ​ចម្រៀង​របស់​សម​ យ៉ុត​ មាន​ជន​ជាតិ​ថៃ​តិច​ណាស់​ដែល​នៅ​ស្គាល់​ ប៉ុន្តែ​សម្រាប់​ជន​ជាតិ​កម្ពុជា​ ចម្រៀង​របស់​លោក​ស៊ីន​ ស៊ីសាមុត​ នេះ​នៅ​តែ​ស្តាប់​ទៅ​ពីរោះ​ នៅ​តែ​រណ្តំ​ពុំ​ទាន់​សាប​សូន្យ​ទៅ​ណា​នៅ​ឡើយ​ ។

និយាយ​រួម​ទៅ​មាន​ខ្មែរ​ច្រើន​ណាស់​ដែល​ស្គាល់​លោក​ស៊ីន​ ស៊ីសា​មុត​ លើក​លែង​តែ​អ្នក​ជំនាន់​ក្រោយ​ខ្លះ​​យក​ចម្រៀង​របស់​លោក​ទៅ​ច្រៀង​ហើយ​បែរ​ ជា​មិន​ហ៊ាន​និយាយ​ពី​ឈ្មោះ​លោក​ស៊ីន​ ស៊ីសា​មុត​ ទៅ​វិញ​ទេ​ មិន​ដឹង​ជា​មាន​ហេតុ​ផល​អ្វី​ទេ​​? ខ្លាច​អ្នក​ផង​មើល​ទៅ​ឃើញ​អន់​ពេក​ក៏​មិន​ដឹង​? អ្នក​រៀប​រៀង​បាន​ទៅ​ស្រាវ​ជ្រាវ​បទ​នេះ​ដល់​ទី​ក្រុង​បាង​កក​ ហើយ​រក​បទ​នេះ​របស់​ថៃ​ឈ្មោះ​សម​ យ៉ុត​ ភាគ​ច្រើន​គេ​ថា​លែង​មាន​លក់​ហើយ​នៅ​តាម​ទី​ផ្សារ​ធម្មតា​ មាន​តែ​នៅ​បណ្ណា​ល័យ​ ធំ​ៗ​ ។

អ្នក​រៀប​រៀង​ប្រាប់​ជន​ជាតិ​ថៃ​វិញ​ថា​ «បើ​បទ​របស់​អ្នក​ចម្រៀង​ខ្មែរ​ខ្ញុំ​វិញ​ អ្នក​ឯង​ចង់​ទៅ​រក​នៅ​ទី​ណា​ក៏​មាន​ដែរ​ ព្រោះ​គេ​នៅ​ពេញ​និយម​នៅ​ឡើយ​» ។

សូម​បញ្ជាក់​​ថា​ ចម្រៀង​ឧត្តម​​ដួង​ចិត្ត​ដែល​អ្នក​រៀប​រៀង​ដាក់​ជូ​ន​ និង​មាន​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ​នេះ​ ​ថត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៧០​​ ហើយ​​សំរួល​តន្ត្រី​ដោយ​លោក​ ម៊ែរ​ ប៊ុន​ អម​នឹង​សំឡេង​វី​យូ​ឡុង​របស់​ មិត្ត​ ស្រ៊ុន​ ដែល​ជា​​សិស្ស​សាលា​ភ្លេង​ជាមួយ​លោក​​វ៉ែន​ ផាត​ ពិសេស​បង្ហើ​រ​សំឡេង​ដោយ​លោក​ស៊ីន​ ស៊ី​សាមុត​ យ៉ាង​ពីរោះ​គ្មាន​ពីរ​ពុំ​ទាន់​សាប​​រលត់​ទៅ​ណា​ទេ​ ៕

Posted October 11, 2013 by ouk bopha in តារា

No comments:

Post a Comment