សៀមរាប : បន្ទាប់ពីទំនប់តាកៅ ដែលស្ថិតនៅចម្ងាយប្រមាណជា មិនដល់ ១០០ម៉ែត្រ
ពីខ្លោងទ្វាខាងលិច ផ្លូវចូលប្រាសាទបាយ័ន (អង្គរធំ) ខាងលើទន្លេអ៊ុំ
ដែលត្រូវបានកម្លាំង ទឹកជាប់ទ្វារទឹក ដែលគ្រប់គ្រង ដោយអាជ្ញាធរអប្សរា
បុកទម្លាយទំនប់យ៉ាងធំ ហើយធ្វើឲ្យកម្លាំង ទឹកហូរ ចូលលិច
ភូមិករ លំនៅដ្ឋាន
ផលដំណាំ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ
និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបាចសាចជិតមួយ ចំហៀងក្រុងសៀមរាប
នោះ នៅព្រលប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣នេះ បានធូរស្រាលបន្ដិចវិញហើយ
ដោយសារមិនបន្តភ្លៀងខ្លាំង និងដោយ មានអាជ្ញាធរខេត្ត បានរៀបចំ បើក ស្ដារ
ផ្លូវរំដោះទឹក ។
កាលពីវេលា ថ្ងៃត្រង់ថ្ងៃនេះ លោក ឃឹន ប៊ុនសុង អភិបាល
នៃគណ:អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្ទះសម្បែង ភូមិករ ផលដំណាំ
របស់ពលរដ្ឋមួយចំហៀង ខាងលើផ្លូវ គឺនៅក្នុងភូមិមួយចំនួន ក្នុងសង្កាត់គោកចក
ជិតអង្គរធំ (ប្រាសាទបាយ័ន) ត្រូវបានជន់លិចអស់ហើយ ។ ហើយសម្រាប់ភូមិគោកចាន់
គឺលិចប្រមាណជាង ២០០គ្រួសារ ស្មើនិងជាង ២០០ខ្នងផ្ទះ ហើយទឹកកំពុងតែបន្តហូរ
ចូលទៅក្នុងផ្នែកមួយ ចំនួននៃក្រុងសៀមរាប ។
លោកបានបន្ដថា ចំពោះ អាជ្ញាធរអប្សរា កំពុងបន្ដបោះបង្គោល
និងរៀបចំទប់ទំនប់តាកៅ ដែលបាក់ នោះឡើងវិញ ។ ទឹកជំនន់នេះ រហូតដល់ពេល នេះ
មិនទាន់មានគ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជា ពលរដ្ឋនោះទេ
ព្រោះយើងបានប្រកាសអាសន្ន និងបានជួយសង្គ្រោះទាន់ពេលវេលា ។
គឺទឹកជន់លិចប៉ះពាល់ផ្ទះសម្បែង ផលដំណាំ សត្វអាហន:
និងទ្រព្យសម្បត្តិមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋយើង ។
លោកបានបញ្ជាក់ថា យើងបានបើកទ្វារទឹក ដើម្បីបញ្ចៀសទឹក
មួយចំណែកចូលទៅបារាយណ៍ និងចុះពិនិត្យកម្ពស់ទឹកនៅបារាយណ៍ ហើយបាន
បើកផ្លូវទឹកមួយចំនួនទៀតរហូតដល់ម៉ោង ២ ម៉ោង ៣ យប់រំលងអាធ្រាត្រ ។
លោកបានបន្តថា បើក្នុងសប្ដាហ៍នេះ មិនមានភ្លៀងធ្លាក់ខ្លាំង
និងមិនមានទឹកហូរពីតំបន់ខាងលើនោះ ខេត្តសៀមរាប ទាំងមូលនឹងមានសភាព ល្អឡើងវិញ ។
ចំពោះប្រលានយន្ដហោះអន្តរជាតិខេត្តសៀមរាប មិនមានផលប៉ះពាល់អ្វីនោះទេ
ព្រោះទឹកនេះបុកសំដៅទៅម្ដុំភូមិវប្បធម៌ ខាងលិចក្រុងវិញ ។
លោកបន្ដថា នៅក្នុងក្រុងមានទីតាំង និងកន្លែងជាច្រើន តម្រូវឲ្យមានការរៀបចំ
គ្រប់គ្រង ស្ដារ ប្រព័ន្ធលូ ប្រឡាយ សម្រាប់រំដោះទឹក កុំឲ្យទឹកកក
ស្ទះលិចក្រុងនៅឆ្នាំខាងមុខៗទៀត។ ហើយការរំដោះទឹកចេញ ពីក្រុងសៀមរាប
ផ្លូវទាំងអស់ លូ ប្រឡាយទាំងអស់ ពិសេសតាមមុខផ្ទះប្រជាពលរដ្ឋ និងលំនៅដ្ឋាន
ទីតាំងអាជីវកម្មមួយចំនួន ការរៀបចំ ដាក់លូ ជីកប្រឡាយ មិនមានការឯកភាពគ្នា
និងមិនមានលក្ខណ:បច្ចេក ទេសគ្រប់គ្រាន់នៅឡើយ ។
ហើយចំពោះទឹកដែលបង្ហូរ ច្រាល់ទៅបារាយណ៍នោះ គឺនៅជ្រុងខាងលិច មានរៀបចំ
ជាទំនប់បង្ហៀមួយកន្លែង សម្រាប់រំដោះទឹកចេញពីបារាយណ៍ រួចយើងបានដាក់គ្រឿងចក្រ
សម្រាប់ប្រចាំការនៅទីនោះ ត្រៀមរៀបចំ បើកផ្លូវទឹកក្នុងករណីចាំបាច់ ។
សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី០៦ ខែតុលា នេះ លោក ឃឹម ប៊ុនសុង អភិបាល
នៃគណ:អភិបាលខេត្តសៀមរាប លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក
ច័ន្ទ សុផល ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប រួមជាមួយអភិបាលរង
កាកបាទក្រហមកម្ពុជា បាននាំនូវអំណោយ ដែលមានគ្រឿងឧបភោគ បរិភោគ
ជារបស់កាកបាទក្រហមកម្ពុជា ដែលមានអង្ករ ២៥គីឡូក្រាម មី១កេះតូច
ទឹកបរិសុទ្ធ១យួរ ចែលជួនដល់ប្រជាពលរដ្ឋក្នុងមួយគ្រួសារៗ សរុបពេលនេះមានចំនួន
១០០គ្រួសារ ។
ហើយលោកអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន
សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកាកបាទក្រហម កម្ពុជា
ដែលមានសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ជាប្រធានតែងតែបានគិតគូរខ្ពស់ ចំពោះ បងប្អូនប្រជាពលរដ្ឋទូទៅ
ពិសេសនៅពេលមានគ្រោះមហន្ដរាយម្ដងៗ ។
លោកអភិបាលបន្ដថា នៅថ្ងៃនេះ
និងជាបន្តបន្ទាប់យើងអាចចែកអំណោយសង្រ្គោះបន្ទាន់ ដែលមានគ្រឿងឧបភោគ បរិភោគ
ជារបស់កាកបាទ ក្រហម កម្ពុជា រួមនិងអង្គការ ការីតាស់ (Caritas) អង្គការ
វ៉ើលវិសិន(World Vision)នាំមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង
១.០០០គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកបាក់ទំនប់តាកៅ នេះ ។
ឯម្យ៉ាងវិញទៀត ចាប់តាំងពីរសៀល រហូតដល់ព្រលប់ថ្ងៃទី០៦ ខែតុលា នេះ
មានបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ពិសេសស្រទាប់យុវ័យ
រាប់ពាន់នាក់ បាននាំគ្នាទៅលេងទឹក ងូតទឹក និងទៅកំសាន្ដនៅតាមដងផ្លូវ
ដែលមានទឹកហូរកាត់ នៅម្ដុំខាងមុខផ្លូវ ចេញពីអង្គរ ដែលនៅជិតបាល់ ឡុង
គឺផ្លូវខាងមុខភូមិភាគ និងតាមផ្លូវកូរ៉េ ដោយសប្បាយរីករាយ
និងអ្នកខ្លះទៀតគ្រាន់តែឆ្លងកាត់តំបន់នោះ ដើម្បីបានឃើញ ពីស្ថានភាពទឹក
នៅតំបន់នោះផងដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
No comments:
Post a Comment